នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែវិចិ្ឆកា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងឯកឧត្តម យស សុខេមរៈ ប្រធានពិធីការសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ Zhang Xiaojun អគ្គលេខាធិការនៃមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន (China-ASEAN Law Research Center—CALRC) និងជាសាកលវិទ្យាធិការរង នៃសកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនិងនីតិសាស្ត្រ (Southwest University of Political Science and Law) ក្នុងឱកាសអញ្ជើញចូលរួមវេទិកាកិច្ចសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៧ នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមច្បាប់ចិន និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន ដែលបានផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ជូនដល់គណៈប្រតិភូកម្ពុជា ដែលបានចូលរួមក្នុងវេទិកាខាងលើនេះ។
ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ បានប្រគល់ជូននូវលិខិតអបអរសាទររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះសមាគមច្បាប់ចិន និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន ក្នុងការរៀបចំវេទិកាកិច្ចសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៧ ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា ជាពិសេសទទួលបាននូវការចូលរួមពីអ្នកជំនាញ និងមានបទពិសោធន៍ខាងវិស័យច្បាប់មកពី១៣ ប្រទេស រួមមានមានបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលសបញ្ជាក់នូវកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌល ក្នុងការកសាងបាននូវកិច្ចសហប្រតិបត្តិការដ៏ល្អ និងការអភិវឌ្ឍបង្កើនធនធានមនុស្សជំនាញក្នុងវិស័យច្បាប់ យ៉ាងទូលំទូលាយ។
ក្នុងជំនួបពិភាក្សានេះផងដែរ ឯកឧត្តមអគ្គលេខាធិការ បានគូសបញ្ជាក់នូវសារៈសំខាន់នៃការចាប់ផ្តើមកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការពង្រឹងកិច្ចសហប្រតិបត្ដិការលើវិស័យច្បាប់ ការបណ្តុះបណ្តាលមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងលើកកម្ពស់កិច្ចការងារស្រាវជ្រាវរវាងស្ថាប័នទាំងពីរ។
ជាចុងក្រោយ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តមប្រធានពិធីការសម្តេចតេជោព្រឹទ្ធសភា និងគណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញទស្សនាមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន និងសកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនិងនីតិសាស្ត្រ។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា