នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បន្តដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមក្នុងពិធីបើកមហាសន្និបាត និងកិច្ចពិភាក្សាទូទៅក្នុងកិច្ចប្រជុំពេញអង្គ រួមនិងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ APA មួយចំនួន ស្តីពីសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព នៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន។ អមដំណើរគណៈប្រតិភូចូលរួមនាពេលនោះរួមមាន ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា, ឯកឧត្តម អង្គ វង្សវឌ្ឍនា ប្រធានគណៈកម្មការទី៦រដ្ឋសភា, ឯកឧត្តម ស្មាន ម៉ាណាន ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្របារ៉ែន និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភាផងដែរ។
ពិធីបើកមហាសន្និបាតលើកទី១៦ APA ប្រព្រឹត្តទៅដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Ahmed bin Salman Al-Musallam ប្រធានក្រុមប្រឹក្សាអ្នកតំណាងរាស្រ្ត នៃព្រះរាជាណាចក្របារ៉ែន និងជាប្រធានសភាតំបន់អាស៊ី APA ដែលមានគណៈប្រតិភូមកពីបណ្ដាប្រទេសជាសមាជិកចំនួន ១៩ និងអង្គការសង្កេតការចំនួន ៨ ព្រមទាំងអគ្គលេខាធិការដ្ឋានអចិន្រ្ដៃយ៍ APA ផងដែរ។
ថ្លែងក្នុងឱកាស នៃកិច្ចពិភាក្សាទូទៅ (General Debate) ឯកឧត្តម ងី ច័ន្ទ្រផល រួមទាំងតំណាងសភាប្រទេសចំនួន ១៩ និងអង្គការសភា ចំនួន៦ បានឡើងធ្វើសេចក្តីថ្លែងការណ៍របស់ខ្លួន ស្តីពីតួនាទីរបស់សភាអាស៊ីក្នុងការពង្រឹងកិច្ចសន្ទនាអន្តរវប្បធម៌ និងអន្តរអរិយធម៌នៅអាស៊ី៖ កាលានុវត្តភាព ការប្រឈម និងផ្លូវនាពេលអនាគត។ ឯកឧត្តមប្រធានគណៈប្រតិភូ បានសង្កត់ធ្ងន់លើភាពចម្រុះខាងអរិយធម៌ដ៏សម្បូរបែបរបស់អាស៊ីជាមូលដ្ឋានសម្រាប់ការសន្ទនា បានគូសបញ្ជាក់ពីឱកាសសម្រាប់សភាក្នុងការលើកកម្ពស់ការអត់ឱន ការចូលរួមរបស់យុវជន និងគោលនយោបាយរួមបញ្ចូល ទទួលស្គាល់បញ្ហាប្រឈមដូចជា ភាពជ្រុលនិយម ព័ត៌មានក្លែងក្លាយ និងការបែងចែកសង្គម ព្រមទាំងអំពាវនាវឱ្យសភាអាស៊ីពង្រឹងក្របខ័ណ្ឌច្បាប់ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការអប់រំ ដើម្បីកសាងអាស៊ីមួយដែលមានសន្តិភាព សុខដុមរមនា និងវិបុលភាព។
ចំពោះកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព អង្គប្រជុំបានសម្រេចអនុម័តលើសេចក្តីសម្រេចចំនួនបី ដើម្បីដាក់ជូនមហាសន្និបាតអនុម័ត ដែលរួមមាន៖ (១) កិច្ចការហិរញ្ញវត្ថុ, (២) អនាម័យ និងទឹកនៅក្នុងតំបន់អាស៊ីជារួម និង (៣) គោលការណ៍សេដ្ឋកិច្ចហាឡាល់៕
ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ