khmer eng
  • ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាឡាវ និងរូម៉ានី និងម៉ារុក ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
     
    ចែករំលែក ៖

    នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសនៃមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU) ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគីយេ ឯកឧត្តម អ៊ុច បូររិទ្ធ បានជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវបណ្ឌិត សួនថូន សាយ៉ាចាក់ (Sounthone Xayachack) អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានគណៈប្រតិភូសភាឡាវ។ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អរវាងកម្ពុជា និងឡាវ ហើយបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ រួមទាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច កិច្ចសន្ទនា ការចែករំលែកបទពិសោធន៍ និងកិច្ចសហការក្នុងក្របខ័ណ្ឌពហុភាគី។
    ដោយឡែក នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Miklos Zoltan ប្រធានគណៈប្រតិភូសភារូម៉ានី។ ក្នុងបរិយាកាសប្រកបដោយមិត្តភាព និងស្និទ្ធស្នាល ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិទ្វេភាគីដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងបានផ្លាស់ប្តូរយោបល់លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាបញ្ហាប្រឈមរួម។ ភាគីទាំងពីរ បានយល់ស្របគ្នាថា ប្រទេសទាំងពីរ មានសក្តានុពលខ្លាំង ក្នុងការលើកម្ពស់ទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការនយោបាយ ពាណិជ្ជកម្ម វិនិយោគ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងការងារ។ ភាគីទាំងពីរ ក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ រួមមានតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច កិច្ចសន្ទនា ការចែកឬំលែកបទពិសោធន៍ ការគាំទ្រគ្នាក្នុងការងារអន្តរសភា និងការរៀបចំនិងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការសភា។
    ក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តម អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Mohamed Ould Rachid ប្រធានសភាទីប្រឹក្សា នៃព្រះរាជាណាចក្រម៉ារ៉ុក។ កិច្ចជំនួបនេះ ភាគីទាំងពីរ ប្តេជ្ញាបន្តពង្រឹងកិច្ចសន្ទនាសភា និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងម៉ារ៉ុក និងបានបញ្ជាក់សារជាថ្មីនូវមិត្តភាពយូរអង្វែង និងការគោរពគ្នាទៅវិញទៅមក រវាងព្រះរាជាណាចក្រទាំងពីរ ព្រមទាំងបានគូសបញ្ជាក់អំពីបំណងរួមក្នុងការបើកទិសដៅថ្មីៗនៃកិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរ ក៏បានលើកឡើងអំពីអត្ថន័យពិសេសនៃឆ្នាំ២០២៦ ដែលជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយបានផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានា ក្នុងការពង្រឹងការចូលរួមរវាងសភា ជំរុញការផ្លាស់ប្តូរទស្សនកិច្ច និងជំនាញ ព្រមទាំងពង្រឹងការសម្របសម្រួលនៅក្នុងវេទិកាសភាតំបន់ និងអន្តរជាតិ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការសភា រវាងព្រឹទ្ធសភាកម្ពុជា និងសភាទីប្រឹក្សានៃព្រះរាជាណាចក្រម៉ារ៉ុក ដែលជាចំណុចសំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី និងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

    ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី១ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ