khmer eng
  • លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សភាអាស៊ី (APA) នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី (២៥-២៧ ខែកញ្ញា ឆ្នាំ ២០២៤)
     
    ចែករំលែក ៖

    ចាប់ពីថ្ងៃទី២៥-២៧ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយសភាតំបន់អាស៊ី (APA) បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី កិច្ចការសង្គម និងវប្បធម៌នៃ APA នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី។ ការជួបជុំដ៏សំខាន់នេះបានប្រមូលផ្តុំគណៈប្រតិភូសភាមកពីប្រទេសចំនួន១៦ និងអង្គការអន្តរជាតិមួយចំនួន រួមទាំងលេខាធិការ APA ផងដែរ ដើម្បីធ្វើការពិភាក្សា និងពិនិត្យលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន១៤ ដែលលេខាធិការដ្ឋាន APA បានរៀបចំកន្លងមក។
    សេចក្តីព្រាងសេចក្តីសម្រេចបានគូសបញ្ជាក់អំពី ការប្តេជ្ញាចិត្តរបស់សភាអាស៊ីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភាក្នុងវិស័យសំខាន់ៗ ដូចជាវប្បធម៌ បញ្ហាសង្គម ការការពារបេតិកភណ្ឌវប្បធម៌ និងការថែរក្សាអត្តសញ្ញាណវប្បធម៌ក្នុងចំណោមប្រជាជាតិជាសមាជិក។
    សមាជិកនៃអង្គប្រជុំ បានបង្ហាញការគាំទ្រសេចក្តីព្រាងសេចក្តីសម្រេចដែលបានស្នើឡើងដោយប្រទេសរុស្ស៊ី ក្នុងគោលបំណងជំរុញឱ្យមានសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល ដែលឆ្លុះបញ្ចាំងពីភាពចម្រុះនៃវប្បធម៌ និងអរិយធម៌។
    សមាជិកសភាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃឧប្បត្តិហេតុនៃការរើសអើង ការមិនអត់ឱន អំពើភេរវកម្ម និងលទ្ធិជ្រុលនិយម ដែលជំរុញអោយមានស្អប់ខ្ពើមជាតិសាសន៍ ឬសាសនា។ ពួកគេបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងសាធារណៈនៅក្នុងក្របខ័ណ្ឌ APA ដើម្បីពង្រឹងតួនាទីរបស់ខ្លួនក្នុងការបង្កើតពិភពលោកពហុប៉ូល។
    លើសពីនេះ សមាជិកAPA បានសន្យាជំរុញបង្កើតនិម្មាបនកម្មសន្តិសុខប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អឺរ៉ាស៊ី សំដៅដោះស្រាយបញ្ហាប្រឈម និងការគំរាមកំហែងរួម ខណៈពេលដែលធានាការរួមរស់ដោយសន្តិភាពនៃសហគមន៍សាសនាចម្រុះ។
    សមាជិកAPA បានថ្កោលទោសការកើនឡើងនៃសង្គ្រាម និងជម្លោះទូទាំងពិភពលោក ដោយទទួលស្គាល់ផលប៉ះពាល់ដ៏អាក្រក់របស់សង្រ្គាមទាំងនោះលើគុណតម្លៃវប្បធម៌ និងអរិយធម៌។ APA ក៏បានសម្តែងការព្រួយបារម្ភចំពោះការលើកតម្កើងនៃចលនាលទ្ធិណាស៊ីនិយម ដោយអំពាវនាវឱ្យមានសកម្មភាពរួម ដើម្បីប្រឆាំងនឹងមនោគមវិជ្ជាទាំងនេះ។ សភាបានថ្កោលទោសការកើនឡើងការរើសអើង និងភាពជ្រុលនិយម ខណៈពេល ដែលមានការពិភាក្សា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការពារបេតិកភណ្ឌវប្បធម៌ និងលើកកម្ពស់ការរួមរស់ជាមួយគ្នាដោយសន្តិសហវិជ្ជមាន។
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកឡើងពីសារៈសំខាន់នៃការផ្សារភ្ជាប់វប្បធម៌សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តម បានបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា រួមទាំងប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗទៀត ដោយសង្កត់ធ្ងន់លើសារៈសំខាន់របស់ប្រាសាទទាំងនោះចំពោះអត្តសញ្ញាណខ្មែរ។ ឯកឧត្តមបានលើកឡើងថា ទេសចរណ៍វប្បធម៌ គឺជាមធ្យោបាយជំរុញការយល់ដឹង និងការផ្លាស់ប្តូរវប្បធម៌ជាមួយគ្នា និងភាពជាដៃគូក្នុងចំណោមសមាជិកសភា APA។
    ឯកឧត្តមបានសង្កត់ធ្ងន់ថា សន្តិភាពមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិរក្សវប្បធម៌ និងបានបង្ហាញពីការងើបឡើងវិញរបស់កម្ពុជាពីសង្រ្គាមរ៉ាំរ៉ៃ ដែលត្រូវបានយកជាគំរូនៃភាពធន់ និងសន្តិសហវិជ្ជមាន។
    ជាលទ្ធផលសេចក្តីព្រាងសេចក្តីសម្រេចទាំង១៤ ត្រូវបានឯកភាព ហើយនឹងត្រូវដាក់ជូនមហាសន្និបាត APA ដើម្បីអនុម័ត។
    សូមជម្រាបជូនថា សន្និបាតសភាអាស៊ី APA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ បច្ចុប្បន្នមានរដ្ឋជាសមាជិកចំនួន៤៤ និងអង្គការអ្នកសង្កេតការណ៍មួយចំនួន។

    ប្រភព៖ ជំនួយការគណៈប្រតិភូ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តរតនគិរី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងស្រុកបាភ្នំ
    thumbnail
     
    ក្រុមសមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ បានបន្តអញ្ជើញចូលរួមកិច្ច ប្រជុំគណៈកម្មការកិច្ចការសភាAPF និងបានធ្វើបទអន្តរាគមន៍ស្តីពី ជំរឿនក្រមសីលធម៌ សមាជិកសភានៅក្នុងសភាហ្រ្វង់កូហ្វូន
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា