នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៃសហភាពអន្តរសភាពអន្តរសភា (IPU) ក្រោមប្រធានបទសំខាន់ស្តីពី «ការអភិវឌ្ឍសង្គមប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា៖យុទ្ធសាស្ត្រសភាដើម្បីលើកកម្ពស់សិទ្ធិរបស់ប្រជាជនដែលកំពុងរស់នៅជាមួយពិការភាព» ដែលមានគណៈប្រតិភូសភាជាសមាជិក IPU ប្រហែល ៥០ ប្រទេស រួមទាំងស្ថាប័ន និងអង្គការអន្តរសភាមួយចំនួនជាអ្នកសង្កេតការណ៍។
ក្នុងឱកាសកិច្ចប្រជុំ ឯកឧត្តម ងី ច័ន្ទ្រផល បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍប្រកបដោយបរិយាបន្ន គឺជាតម្រូវការចាំបាច់ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ហើយសភាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញការសម្រេចបាននូវគោលបំណងរួមនេះ ដោយក្នងនោះ សភាកម្ពុជាបានអនុម័តច្បាប់ដ៏សំខាន់ស្តីពីការការពារ និងលើកកម្ពស់សិទ្ធិជនពិការ ។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា សន្តិភាព និងស្ថិរភាពគឺជាការចាំបាច់សម្រាប់កម្ពុជានៅក្នុងការជំរុញការអភិវឌ្ឍសង្គម។