នាព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន បងស្រីបង្កេីត របស់លោកជំទាវ បណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៣:១២នាទី ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយរោគាពាធ។
ក្នុងបរិយាកាសពោរពេញទៅដោយទុក្ខដ៏ក្រៀមក្រំ និងសោកសង្រេងនេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា និងលោកជំទាវ ព្រមទាំងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានធ្វើអភិវន្ទនកិច្ចសូមចូលរួមរំលែកមរណទុក្ខ
ដ៏ក្រៀមក្រំបំផុត និងសូមសម្តែងនូវសមានទុក្ខសោកស្តាយ អាឡោះអាល័យជាមួយលោកជំទាវ និងឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ បងស្រី មាតា អ៊ុស្រី និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងជាបង្គោលនៃក្រុមគ្រួសារ។ មរណភាពនេះ ក៏ជាការបាត់បង់នូវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍មួយរូប ដែលតែងតែយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងការរួមចំណែកលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន បានទៅកាន់ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។
សពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុបទានតាមប្រពៃណី ព្រះពុទ្ធសាសនា នៅភូមិគ្រឹះស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន