លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញដឹកនាំក្រុមការងាររៀបចំសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ រួមមានឃីតចំនួន១,៥០០កញ្ចប់(ចំនួន១១មុខ) សម្រាប់យកប្រគល់ជូនវីរកងទ័ពជួរមុខ ដែលប្រចាំការនៅតំបន់ក្នុងខេត្តព្រះវិហារ។ការរៀបចំនេះធ្វើនៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦។អំណោយដែលបានវេចខ្ចប់នេះ គឺជាការផ្តួចផ្តើមរបស់លោកជំទាវ មាន សំអាន ដោយមានការឧបត្ថម្ភដ៏ថ្លៃថ្លាពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសប្បុរសជននានា ព្រមទាំងមានការចូលរួមរៀបចំពីគណៈកម្មការទី៨ព្រឹទ្ធសភា ក្រុមសមាជិកាព្រឹទ្ធសភា និងប្រជាពលរដ្ឋ ក្នុងស្មារតីសាមគ្គីភាពខ្មែរកាន់តែរឹងមាំតាមរយៈការរួបរួមជាធ្លុងមួយ ខ្មែរជួយខ្មែរ និងការឧបត្ថម្ភគាំទ្រដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាដែលកំពុងឈរជើងនៅសមរភូមិជួរមុខ ដើម្បីការពារបូរណភាពទឹកដី។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភាសម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន