នៅក្នុងដំណើរទស្សនកិច្ចចុះសិក្សាពីសក្ដានុពលសេដ្ឋកិច្ច និងទេសចរណ៍នៅសង្កាត់កោះដាច់ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានបង្ហាញនូវយុទ្ធសាស្រ្ដថ្មីមួយក្នុងការប្រើប្រាស់មរតកធម្មជាតិជាទុនសេដ្ឋកិច្ច ដោយគ្រោងប្រែក្លាយដើមឈើទាលបុរាណអាយុជាង៣០០ឆ្នាំ (បរិមាត្រ ៨,៣ម៉ែត្រ និងអង្កត់ផ្ចិត ២,៦៣ម៉ែត្រ) ស្ថិតនៅវត្តអម្ពផល (ហៅវត្តចុងកោះ) ឱ្យទៅជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ។
ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ដើមឈើនេះមិនមែនគ្រាន់តែជាមរតកធម្មជាតិប៉ុណ្ណោះទេ ប៉ុន្ដែវាគឺជា មេដែក ដែលអាចទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្ដបានរាប់ម៉ឺននាក់នាពេលខាងមុខ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លើកឡើងនូវគំនិតផ្ដួចផ្ដើមក្នុងការបង្កើត គណៈកម្មការជំនាញ ដើម្បីវាស់វែង និងកំណត់អត្តសញ្ញាណឱ្យជាក់លាក់ ដើម្បីប្រៀបធៀបជាមួយដើមឈើផ្សេងទៀតនៅភ្នំពេញ សំដៅបញ្ជាក់ថា តើដើមឈើទាលនេះអាចជាដើមឈើដែលធំជាងគេឬទេ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានជួបជាមួយក្រុមប្រឹក្សាសង្កាត់កោះដាច់ និងបានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីសម្រេចបាននូវគោលដៅនេះ រួមមាន៖
• កំណត់យកដើមឈើទាលនេះ ជាចំណុច “ត្រូវតែទៅដល់” សម្រាប់អ្នកដែលមកកម្សាន្ដនៅកោះដាច់។
• ជំរុញឱ្យមានការរៀបចំសណ្ដាប់ធ្នាប់ សុវត្ថិភាព និងបរិស្ថាននៅលើកោះ ជាពិសេសជុំវិញដើមឈើឱ្យបានស្អាត។
• ជំរុញឱ្យមានការលក់ដូរផលិតផលកសិកម្ម សិប្បកម្ម និងសេវាកម្មផ្សេងៗ ដើម្បីបង្កើនចំណូលរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិត ជឿជាក់យ៉ាងមុតមាំថា កោះដាច់នឹងមិនត្រឹមតែជាតំបន់កសិកម្ម និងតម្បាញប៉ុណ្ណោះទេ ប៉ុន្ដែនឹងក្លាយជាកន្លែងសម្រាប់ចុងសប្ដាហ៍ដ៏ពេញនិយម របស់ប្រជាជនក្នុងក្រុងភ្នំពេញ។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន