ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា អញ្ជើញប្រគល់ផ្ទះ និងនាំយកអំណោយចែកជូនគ្រួសារក្រីក្រ នៅស្រុកកងមាស និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
នាថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អមដំណើរដោយឯកឧត្តម លោកជំទាវសមាជិក សមាជិកាព្រឹទ្ធសភា ក្រុមការងារភូមិភាគ២ ទីប្រឹក្សា និងមន្ត្រីខុទ្ទកាល័យ បានអញ្ជើញប្រគល់ផ្ទះចំនួន២ខ្នង និងសម្ភារៈប្រើប្រាស់ចាំបាច់ក្នុងផ្ទះជូនដល់ប្រជាពលរដ្ឋចំនួន២គ្រួសារ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសប្បុរសជននានា ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៦០ គ្រួសារផ្សេងទៀត រស់នៅក្នុងស្រុកកងមាស និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីឱ្យប្រជាពលរដ្ឋតាមមូលដ្ឋានទទួលបានលំនៅដ្ឋានសមរម្យ និងការដោះស្រាយតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ។
ក្នុងកិច្ចសំណេះសំណាល ឯកឧត្តមអនុប្រធានទី១ បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេច នៅគ្រប់កាលៈទេសៈ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយសោះឡើយ។ ដោយប្រតិបត្តិតាមអនុសាសន៍ដ៏ឧត្តុង្គឧត្តម ថ្លៃថ្លា ប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចប្រធានព្រឹទ្ធសភា សមាជិក សមាជិកាព្រឹទ្ធសភានីតិកាលទី៥ បានខិតខំអនុវត្តការងារចុះជាប់ជាប្រចាំជាមួយអង្គបោះឆ្នោត ជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំងពីរ សំដៅរួមចំណែកអនុវត្តឱ្យបានជោគជ័យ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។ នៅក្នុងស្មារតីនេះ តាមរយៈព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដៃគូរអភិវឌ្ឍបរទេស អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយចំនួន ដែលមានជាអាទិ៍ អង្គការចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing) អង្គការគ្រូពេទ្យស្ម័គ្រចិត្តប៊ីយោដែរម៉ា បានផ្តល់ជាអំណោយឱសថ អំណោយមនុស្សធម៌ សាងសង់លំនៅដ្ឋានជូនប្រជាជនក្រីក្រ និងសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ រួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សុខមាលភាពប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ ។ ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានទី១ ក៏បានក្រើនរំឮកដល់ក្មួយៗសិស្ស និស្សិត ត្រូវខិតខំរៀនសូត្រ ដើម្បីប្រែក្លាយខ្លួនជាទំពាំងស្នងឫស្សី បន្តវេនការពារអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពដែនដីកម្ពុជា។
ជាចុងបញ្ចប់ ឯកឧត្តមអនុប្រធានទី១ បានជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាព ដើមចម និងមហិច្ឆតាគឃ្លើនឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា ដោយបានគូសបញ្ជាក់ពីមោទនភាពជាតិខ្ពស់បំផុតចំពោះសាមគ្គី ឯកភាពជាតិជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាលដែលមានសម្តេចធិបតីជាមគ្គុទេសដ៏ឈ្លៀសវៃ ក្នុងការតស៊ូប្រយុទ្ធការពារបូរណភាពដែនដីមាតុភូមិកម្ពុជា ប្រឆាំងនិងពួកឈ្លៀនពានថៃ។
ជាកិច្ចឆ្លើយតប បងប្អូនប្រជាពលរដ្ឋទាំងអស់បានសម្តែងនូវក្តីអំណរអរគុណនិងសូមប្រសិទ្ធពរជ័យជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចធិបតី សូមប្រកបតែសុខភាពល្អ និងប្តេជ្ញារួមសាមគ្គីជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាលការពារអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពដែនដី និងអភិវឌ្ឍប្រទេសជាតិ៕
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន